ពេលវេលាអានប្រហែល ៧ នាទី។ ប្រហាក់ប្រហែលនឹងរយៈពេលដែលរថភ្លើងកម្ពុជាត្រូវការ ដើម្បីធ្វើឱ្យលោកអ្នកចាប់ផ្តើមយល់ថា ទេសភាពតាមផ្លូវមានភាពស្រស់ស្អាតយ៉ាងណា។
បណ្តាញផ្លូវដែកកម្ពុជាបានឆ្លងកាត់សម័យអាណានិគម សង្គ្រាម ការទុកចោល និងការស្តារឡើងវិញ។ ពីរថភ្លើងខ្សែដំបូងទៅកាន់បាត់ដំបង និងប៉ោយប៉ែត រហូតដល់ការតភ្ជាប់ឡើងវិញទៅក្រុងព្រះសីហនុសព្វថ្ងៃ ប្រវត្តិរបស់បណ្ដាញផ្លូវដែកឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីដំណើរដ៏រង្គោះរង្គើរបស់កម្ពុជាសម័យទំនើប។

បណ្តាញផ្លូវដែកកម្ពុជាមានអត្ថន័យលើសពីផ្លូវដែកជាច្រើនខ្សែដែលឆ្លងកាត់តាមតំបន់ជនបទ។ បណ្ដាញនេះគឺជាមធ្យោបាយដ៏ល្អមួយក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប។ ផ្លូវដែកត្រូវបាននាំមកកាន់កម្ពុជាក្នុងសម័យអាណានិគមបារាំង ត្រូវបានពង្រីកបន្ទាប់ពីទទួលបានឯករាជ្យ រងការខូចខាតដោយសារសង្គ្រាមជាច្រើនទសវត្សរ៍ ហើយនៅទីបំផុតត្រូវបានស្តារឡើងវិញតាមរយៈកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិដ៏ធំមួយ។
សព្វថ្ងៃ កម្ពុជាមានខ្សែផ្លូវដែកសំខាន់ៗចំនួនពីរ។ ខ្សែភាគខាងជើងតភ្ជាប់ពីភ្នំពេញទៅដល់ប៉ោយប៉ែត នៅព្រំដែនថៃ ខណៈខ្សែភាគខាងត្បូងតភ្ជាប់ពីរាជធានីទៅកាន់ក្រុងព្រះសីហនុ និងកំពង់ផែទឹកជ្រៅរបស់ក្រុងជាប់ឆ្នេរសមុទ្រមួយនេះ។ រួមគ្នា ខ្សែផ្លូវដែកទាំងពីរមានប្រវែងប្រហែល ៦៥០ គីឡូម៉ែត្រ។
សម្រាប់អ្នកដំណើរ រថភ្លើងផ្តល់នូវមធ្យោបាយមួយផ្សេងទៀតក្នុងការទស្សនាកម្ពុជា។ ប៉ុន្តែសម្រាប់ប្រវត្តិវិទូ វាប្រាប់រឿងរ៉ាវធំជាងនេះទៅទៀត គឺរឿងរ៉ាវអំពីមហិច្ឆតាអាណានិគម ឯករាជ្យភាពសេដ្ឋកិច្ច សង្គ្រាម ការស្តារឡើងវិញ និងការធ្វើសមាហរណកម្មកម្ពុជាជាបន្តបន្ទាប់ទៅក្នុងបណ្តាញដឹកជញ្ជូនរបស់ប្រទេសជិតខាង។
កំណើតផ្លូវដែកនៅកម្ពុជា
មហិច្ឆតាអាណានិគមរបស់បារាំង
ដើមកំណើតនៃបណ្តាញផ្លូវដែកកម្ពុជាសម័យទំនើបចាប់ផ្ដើមចេញពីសម័យអាណានិគមបារាំង។ នៅដើមសតវត្សទី២០ ការសាងសង់ផ្លូវដែកបានក្លាយជាផ្នែកសំខាន់មួយនៃហេដ្ឋារចនាសម្ព័ន្ធឥណ្ឌូចិនបារាំង។ ផ្លូវដែកអាចដឹកជញ្ជូនផលិតផលកសិកម្ម អ្នកដំណើរ កងទ័ព និងទំនិញបានយ៉ាងមានប្រសិទ្ធភាពជាងបណ្តាញផ្លូវទឹក និងផ្លូវគោកបែបប្រពៃណីដែលមានសភាពលំបាក។
ខ្សែផ្លូវដែកសំខាន់ដំបូងរបស់កម្ពុជាគឺខ្សែភាគខាងជើង ដែលត្រូវបានគ្រោងឡើងដើម្បីតភ្ជាប់រាជធានីភ្នំពេញទៅភាគពាយព្យប្រទេស ហើយនៅទីបំផុតបានតភ្ជាប់ទៅបណ្តាញផ្លូវដែករបស់ប្រទេសថៃ។
ការសាងសង់បានចាប់ផ្តើមនៅប្រហែលឆ្នាំ១៩២៩ និងបន្តជាដំណាក់កាលៗ។ ផ្នែកដំបូងពីភ្នំពេញឆ្ពោះទៅពោធិ៍សាត់ត្រូវបានបើកឱ្យប្រើនៅឆ្នាំ១៩៣២។ បន្ទាប់មក ខ្សែផ្លូវរថភ្លើងបានបន្តឆ្លងកាត់តំបន់កសិកម្មសំខាន់ៗនៅភាគខាងលិចកម្ពុជា រួមមានបាត់ដំបង និងសិរីសោភ័ណ។ ការតភ្ជាប់ចុងក្រោយទៅប៉ោយប៉ែត និងព្រំដែនថៃដែលត្រូវបានបញ្ចប់នៅឆ្នាំ១៩៤២។
ផ្លូវដែកនេះត្រូវបានសាងសង់ជាផ្លូវតែមួយ និងមានទទឹងផ្លូវ ១ ម៉ែត្រ ដែលជាជម្រើសបច្ចេកទេសមួយដែលនៅតែជាលក្ខណៈពិសេសរបស់បណ្តាញផ្លូវដែកកម្ពុជារហូតមកដល់សព្វថ្ងៃ។
ស្ថានីយរថភ្លើងភ្នំពេញ
ការបើកដំណើរការស្ថានីយរថភ្លើងភ្នំពេញនៅឆ្នាំ១៩៣២ គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រវត្តិសាស្ត្រវិស័យដឹកជញ្ជូនរបស់កម្ពុជា។ ស្ថានីយនេះបានក្លាយជាផ្នែកសំខាន់មួយនៃហេដ្ឋារចនាសម្ព័ន្ធអាណានិគមរបស់រាជធានីភ្នំពេញ ហើយសព្វថ្ងៃនៅតែជាសំណង់ដ៏សំខាន់មួយ។
ផ្លូវដែកបានផ្លាស់ប្តូរទំនាក់ទំនងរវាងភ្នំពេញ និងបណ្ដាខេត្តនានា។ បាត់ដំបងគឺជាគោលដៅដ៏សំខាន់មួយ ដោយសារតែធនធានកសិកម្ម និងផលិតកម្មស្រូវរបស់តំបន់នេះ។
ដូច្នេះ ផ្លូវដែកមិនមែនមានតួនាទីសម្រាប់តែដឹកអ្នកដំណើរទេ។ វាក៏អាចដឹកជញ្ជូនផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារ និងតភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេសទៅកាន់រាជធានីភ្នំពេញផងដែរ។
ខ្សែផ្លូវដែកភាគខាងជើង និងព្រំដែនភាគខាងលិចរបស់កម្ពុជា
នៅទីបំផុត ខ្សែភាគខាងជើងលាតសន្ធឹងប្រវែងប្រហែល ៣៨៦ គីឡូម៉ែត្រ ពីភ្នំពេញទៅដល់ប៉ោយប៉ែត។ ផ្លូវមួយខ្សែនេះឆ្លងកាត់តំបន់ជាច្រើនដែលមានសារៈសំខាន់ទាំងផ្នែកប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ច រួមមានពោធិ៍សាត់ បាត់ដំបង និងសិរីសោភ័ណ។
ការតភ្ជាប់ជាមួយប្រទេសថៃមានសារៈសំខាន់ជាពិសេសផងដែរ។ នៅពេលដំណើរការបានល្អ ផ្លូវដែកមិនសូវគោរពតាមព្រំដែនជាតិប៉ុន្មានទេ ហើយនោះជាចំណុចដែលធ្វើឱ្យផ្លូវនេះមានសារប្រយោជន៍។
បណ្តាញផ្លូវដែកកម្ពុជាអាចក្លាយជាផ្នែកមួយនៃប្រព័ន្ធផ្លូវដែកក្នុងតំបន់ដ៏ធំជាងនេះ ដែលតភ្ជាប់ប្រទេសថៃទៅនឹងតំបន់អាស៊ីអាគ្នេយ៍ដីគោកទាំងមូល។ ប៉ុន្តែនយោបាយបានរារាំងលទ្ធភាពក្នុងការតភ្ជាប់នេះជាច្រើនលើកច្រើនសា។
ភាគពាយព្យនៃកម្ពុជាត្រូវបានរងផលប៉ះពាល់ដោយសារការផ្លាស់ប្តូរទឹកដី និងទំនាក់ទំនងដ៏ស្មុគស្មាញរវាងកម្ពុជា ថៃ និងឥណ្ឌូចិនបារាំង។ សេវារថភ្លើងឆ្លងព្រំដែនត្រូវបានផ្អាកជាច្រើនលើកក្នុងអំឡុងទសវត្សរ៍ដ៏ច្របូកច្របល់ជុំវិញសង្គ្រាមលោកលើកទី២ និងការទទួលបានឯករាជ្យរបស់កម្ពុជា។
នៅឆ្នាំ១៩៥២ ខ្សែផ្លូវដែកដែលស្ថិតនៅក្នុងប្រទេសកម្ពុជាត្រូវបានប្រមូលផ្តុំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជា ដែលជាជំហានសំខាន់មួយឆ្ពោះទៅរកការបង្កើតបណ្តាញផ្លូវដែកជាតិ។
ការសាងសង់ផ្លូវដែកទៅកាន់សមុទ្រ
បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ អាទិភាពរបស់ប្រទេសក្នុងវិស័យដឹកជញ្ជូនបានផ្លាស់ប្តូរ។
គម្រោងសំខាន់មួយរបស់រដ្ឋកម្ពុជាថ្មីគឺការអភិវឌ្ឍកំពង់ផែទឹកជ្រៅឯករាជ្យនៅក្រុងព្រះសីហនុ ដែលនៅពេលនោះគេហៅជាទូទៅថា កំពង់សោម។ តាមប្រវត្តិសាស្ត្រ កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើកំពង់ផែដែលស្ថិតនៅក្រៅទឹកដីរបស់ខ្លួន ជាពិសេសនៅសៃហ្គន ប្រទេសវៀតណាម និងកំពង់ផែមួយចំនួននៅប្រទេសថៃ។
ដូច្នេះ ខ្សែផ្លូវដែកដែលតភ្ជាប់ភ្នំពេញទៅកាន់កំពង់ផែថ្មីនេះ គឺលើសពីគម្រោងដឹកជញ្ជូនធម្មតា។ វាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចរបស់ខ្លួន។
ខ្សែផ្លូវដែកភាគខាងត្បូង
ការសាងសង់ខ្សែផ្លូវដែកភាគខាងត្បូងបានចាប់ផ្តើមនៅឆ្នាំ១៩៦០ ដោយមានជំនួយពីដៃគូអន្តរជាតិជាច្រើន រួមមានបារាំង អាល្លឺម៉ង់ខាងលិច និងចិន។ ខ្សែដែលមានប្រវែង ២៦៤ គីឡូម៉ែត្រនេះ នៅទីបំផុតបានតភ្ជាប់ភ្នំពេញទៅកាន់ក្រុងព្រះសីហនុ និងត្រូវបានសាងសង់បញ្ចប់នៅឆ្នាំ១៩៦៩។
ខ្សែភាគខាងត្បូងបានក្លាយជាច្រកដឹកជញ្ជូនទំនិញដ៏សំខាន់។ វាតភ្ជាប់រាជធានីភ្នំពេញ និងតំបន់នានាក្នុងប្រទេសទៅនឹងច្រកផ្លូវសមុទ្ររបស់ក្រុងព្រះសីហនុ ដោយអនុញ្ញាតឱ្យទំនិញផ្លាស់ប្តូរពីបណ្តាញផ្លូវដែកទៅកាន់ការដឹកជញ្ជូនតាមសមុទ្រអន្តរជាតិ។
នៅពេលនោះ បណ្តាញផ្លូវដែកបានបម្រើតួនាទីជាតិយ៉ាងជាក់ច្បាស់៖ ខ្សែភាគខាងជើងតភ្ជាប់កម្ពុជាទៅព្រំដែនខាងលិច និងប្រទេសថៃ ខណៈខ្សែភាគខាងត្បូងតភ្ជាប់ប្រទេសទៅកាន់សមុទ្រ។
ផ្លូវដែកក្នុងសម័យសង្គ្រាម និងបដិវត្តន៍
ដំណាក់កាលដ៏លំបាកបំផុតនៃប្រវត្តិបណ្តាញផ្លូវដែកកម្ពុជាបានកើតឡើងក្នុងអំឡុងទសវត្សរ៍នៃសង្គ្រាម និងភាពរង្គោះរង្គើនៃនយោបាយ ដែលចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ១៩៦០ និងបន្តរហូតដល់ទសវត្សរ៍ឆ្នាំ១៩៧០។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកបានក្លាយជាគោលដៅងាយរងគ្រោះពីការបំផ្លិចបំផ្លាញ ការវាយប្រហារ និងប្រតិបត្តិការយោធា។ ស្ពាន ផ្លូវដែក ទូរថភ្លើង និងសំណង់ស្ថានីយរថភ្លើងត្រូវបានខូចខាត ខណៈភាពអសន្តិសុខធ្វើឱ្យការដឹកជញ្ជូនជនស៊ីវិលជាប្រចាំកាន់តែលំបាក។
ស្ថានការណ៍បានក្លាយជាមហន្តរាយក្រោមរបបខ្មែរក្រហម នៅពេលប្រព័ន្ធសេដ្ឋកិច្ច និងដឹកជញ្ជូនធម្មតាបានដួលរលំ។ សេវារថភ្លើងត្រូវបានផ្អាក ហើយផ្នែកសំខាន់ៗនៃហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាត ឬបំផ្លិចបំផ្លាញ។
ដូចទៅនឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនរបស់កម្ពុជាដែរ បណ្តាញផ្លូវដែកបានចាកចេញពីសម័យសង្គ្រាម ក្នុងសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។
ផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅរកការស្តារឡើងវិញ
បន្ទាប់ពីឆ្នាំ១៩៧៩ សេវារថភ្លើងបានចាប់ផ្តើមដំណើរការឡើងវិញជាបន្តបន្ទាប់ ប៉ុន្តែការស្តារបណ្តាញនេះឡើងវិញមានភាពលំបាកយ៉ាងខ្លាំង។
កម្ពុជាមានធនធានហិរញ្ញវត្ថុមានកម្រិត ហេដ្ឋារចនាសម្ព័ន្ធខូចខាត និងនៅតែប្រឈមនឹងបញ្ហាសន្តិសុខ។ ផ្លូវ និងស្ពានត្រូវការជួសជុលយ៉ាងទូលំទូលាយ ខណៈក្បាលរថភ្លើង និងទូរថភ្លើងកាន់តែចាស់។ នៅតំបន់ខ្លះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកបានរងផលប៉ះពាល់ដោយសារកង្វះការថែទាំអស់ជាច្រើនឆ្នាំ។
សម្រាប់ប្រទេសមួយដែលកំពុងងើបឡើងពីសង្គ្រាមជាច្រើនទសវត្សរ៍ ការកសាងផ្លូវដែកឡើងវិញគឺជាកិច្ចការដ៏ធំមួយ។
នៅដើមទសវត្សរ៍ឆ្នាំ២០០០ ស្ថានការណ៍កាន់តែធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ។ សេវាដឹកអ្នកដំណើរត្រូវបានផ្អាកនៅលើផ្នែកសំខាន់ៗជាច្រើន ខណៈការដឹកជញ្ជូនទំនិញត្រូវបានរារាំងដោយសារហេដ្ឋារចនាសម្ព័ន្ធមានសភាពមិនល្អ និងឧបករណ៍មិនអាចទុកចិត្តបាន។ បណ្តាញផ្លូវដែកកម្ពុជាបានប្រឈមនឹងហានិភ័យ ដោយស្ទើរតែក្លាយជារឿងរ៉ាវប្រវត្តិសាស្ត្រដែលនៅសល់តែគ្រោងផ្លូវដែកប៉ុណ្ណោះ។
ជាសំណាងល្អ ប្រវត្តិសាស្ត្ររបស់វាមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។
ការស្តារបណ្តាញផ្លូវដែកដ៏ធំ
ចំណុចរបត់ដ៏សំខាន់មួយបានកើតឡើងនៅទសវត្សរ៍ឆ្នាំ២០០០ ជាមួយកម្មវិធីស្តារផ្លូវដែកដ៏មានមហិច្ឆតាមួយ ដែលទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី រដ្ឋាភិបាលអូស្ត្រាលី និងដៃគូផ្សេងៗទៀត។
គម្រោងនេះរួមមានការស្តារផ្លូវដែករាប់រយគីឡូម៉ែត្រ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា ការសាងសង់ឡើងវិញនូវការតភ្ជាប់ផ្លូវដែកទៅប្រទេសថៃដែលបាត់បង់ទៅ និងការកែលម្អការចូលទៅកាន់កំពង់ផែក្រុងព្រះសីហនុតាមផ្លូវដែក។
ការងារនេះមិនមែនសាមញ្ញ ហើយក៏មិនមែនគ្មានផលប៉ះពាល់នោះដែរ។ ការស្តារផ្លូវដែកបានប៉ះពាល់ដល់សហគមន៍ដែលរស់នៅតាមបណ្តោយផ្លូវ ហើយគម្រោងនេះតម្រូវឱ្យមានកម្មវិធីតាំងទីលំនៅឡើងវិញដ៏ធំមួយ។ ពលរដ្ឋរាប់ពាន់គ្រួសារត្រូវបានប៉ះពាល់ដោយកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារច្រកផ្លូវដែកឱ្យមានសុវត្ថិភាព និងទំនើបជាងមុន។
ខ្សែភាគខាងត្បូងត្រូវបានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ ដោយផ្នែកខ្លះបានចាប់ផ្តើមដំណើរការឡើងវិញចន្លោះពីឆ្នាំ២០១០ ដល់ ២០១២។ ការតភ្ជាប់ផ្លូវដែកទៅក្រុងព្រះសីហនុត្រូវបានស្តារឡើងវិញជាបន្តបន្ទាប់ ដែលផ្តល់ឱ្យកម្ពុជានូវខ្សែផ្លូវដែកដ៏សំខាន់មួយរវាងរាជធានីភ្នំពេញ និងកំពង់ផែសមុទ្រដ៏សំខាន់របស់ប្រទេស។
តភ្ជាប់កម្ពុជាឡើងវិញតាមរយៈផ្លូវដែក
ការស្តារខ្សែភាគខាងជើងឡើងវិញ មានអត្ថន័យតំណាងកាន់តែសំខាន់។
អស់រយៈពេលជាច្រើនទសវត្សរ៍ ផ្នែកមួយនៃផ្លូវដែករវាងសិរីសោភ័ណ និងប៉ោយប៉ែតត្រូវបានបាត់បង់។ ការសាងសង់ផ្លូវដែកមួយផ្នែកប្រវែងប្រហែល ៤៨ គីឡូម៉ែត្រនេះឡើងវិញ បានស្តារការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ។ ការតភ្ជាប់ផ្លូវដែកភាគខាងជើងត្រូវបានបញ្ចប់នៅឆ្នាំ២០១៨។
នេះមិនមែនគ្រាន់តែជាសមិទ្ធផលផ្នែកវិស្វកម្មទេ។ វាបានស្តារឡើងវិញនូវផ្នែកសំខាន់មួយនៃភូមិសាស្ត្រដឹកជញ្ជូនរបស់កម្ពុជាមុនសង្គ្រាម។
ផ្លូវដែកបានលាតសន្ធឹងពីភ្នំពេញឆ្ពោះទៅព្រំដែនថៃសាជាថ្មីម្តងទៀត ដោយបើកឱកាសឱ្យកម្ពុជាចូលរួមកាន់តែពេញលេញក្នុងការតភ្ជាប់បណ្ដាញផ្លូវដែកក្នុងតំបន់។
បណ្តាញផ្លូវដែកកម្ពុជានាពេលបច្ចុប្បន្ន
សព្វថ្ងៃ បណ្តាញផ្លូវដែកកម្ពុជានៅតែមានទំហំតូចបើប្រៀបធៀបនឹងបណ្តាញរបស់ប្រទេសថៃ និងវៀតណាមដែលជាប្រទេសជិតខាង។ ជាចម្បង វាមានខ្សែភាគខាងជើង និងភាគខាងត្បូង ដែលទាំងពីរជាផ្លូវតែមួយ និងមានទទឹងផ្លូវ ១ ម៉ែត្រ។
ការប្រតិបត្តិការផ្លូវដែកត្រូវបានភ្ជាប់ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក (Royal Railway Cambodia) ដែលផ្តល់សេវាដឹកអ្នកដំណើរ និងទំនិញក្រោមកិច្ចសន្យាសម្បទានជាមួយរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុននេះបានចុះកិច្ចសន្យាសម្បទានផ្លូវដែកនៅឆ្នាំ២០០៩ ក្នុងអំឡុងពេលដែលបណ្តាញនេះកំពុងស្ថិតក្រោមដំណើរការស្តារឡើងវិញ។
ផ្លូវដែកបានបម្រើតួនាទីជាក់ស្តែងឡើងវិញក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ទោះបីជានៅតែយឺតខ្លាំងជាងការធ្វើដំណើរតាមផ្លូវគោកដែលដំណើរការនៅលើដងផ្លូវជាច្រើនខ្សែក៏ដោយ។
ប៉ុន្តែសម្រាប់អ្នកធ្វើដំណើរ នេះមិនមែនសុទ្ធតែជាគុណវិបត្តិនោះទេ។
រថភ្លើងកម្ពុជាមិនត្រូវបានរចនាឡើងដើម្បីប្រណាំងជាមួយឡានឈ្នួលនោះទេ។ ចំណុចទាក់ទាញរបស់វាស្ថិតនៅកន្លែងផ្សេង៖ ល្បឿនយឺតនៃរថភ្លើងអនុញ្ញាតឱ្យអ្នកដំណើរមើលឃើញភូមិ វាលស្រែ ដើមត្នោត ផ្សារ និងទេសភាពជនបទ ដែលអាចរំលងផុតទៅយ៉ាងលឿន នៅពេលធ្វើដំណើរតាមផ្លូវល្បឿនលឿន។
អនាគតផ្លូវដែកកម្ពុជា
ការរស់រានឡើងវិញនៃផ្លូវដែកកម្ពុជាមិនមែនមានន័យថា រឿងរ៉ាវរបស់វាត្រូវបានបញ្ចប់នោះទេ។
រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍កំពុងពិចារណាលើការកែលម្អបន្ថែមទៀតនៃសមត្ថភាពផ្លូវដែក និងការតភ្ជាប់ក្នុងតំបន់។ ផែនការអភិវឌ្ឍន៍រួមមាន ខ្សែផ្លូវដែកថ្មីដែលអាចកើតមាន ការតភ្ជាប់ទៅតំបន់ឧស្សាហកម្ម និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ ផែនការនោះក៏រួមមានការពិភាក្សាអំពីការធ្វើទំនើបកម្មខ្សែផ្លូវដែកដែលមានស្រាប់ និងការសិក្សាអំពីជម្រើសផ្លូវដែកដែលមានល្បឿនលឿនជាងមុនផងដែរ។
សារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ផ្លូវដែកគឺមានទំហំធំធេង។ កម្ពុជាស្ថិតនៅចន្លោះប្រទេសថៃ និងវៀតណាម ខណៈកំពង់ផែរបស់ខ្លួនផ្តល់លទ្ធភាពចូលទៅកាន់ពាណិជ្ជកម្មតាមសមុទ្រអន្តរជាតិ។ ដូច្នេះ ការតភ្ជាប់ផ្លូវដែកដែលប្រសើរឡើងអាចពង្រឹងការដឹកជញ្ជូនទំនិញ និងតួនាទីរបស់កម្ពុជានៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។
បញ្ហាប្រឈមដ៏ធំបំផុតគឺការស្វែងរកតុល្យភាពសមស្របរវាងការវិនិយោគ ល្បឿន សមត្ថភាពដឹកទំនិញ និងតម្រូវការរបស់អ្នកដំណើរ។ ផ្លូវដែកមិនចាំបាច់ត្រូវតែក្លាយជារថភ្លើងល្បឿនលឿនទើបមានប្រយោជន៍នោះទេ។ ពេលខ្លះ ផ្លូវដែកដែលអាចទុកចិត្តបាន មានតម្លៃសមរម្យ និងត្រូវបានថែទាំយ៉ាងល្អ គឺជាការចាប់ផ្តើមដ៏ល្អរួចទៅហើយ។
សេចក្តីសន្និដ្ឋាន
នៅចុងបញ្ចប់ ប្រវត្តិបណ្តាញផ្លូវដែកកម្ពុជាគឺជារឿងរ៉ាវបង្ហាញពីភាពធន់។ វាត្រូវបានសាងសង់ក្រោមការគ្រប់គ្រងអាណានិគមបារាំង ពង្រីកដោយកម្ពុជាដែលមានឯករាជ្យភាព បំផ្លាញដោយសង្គ្រាម និងបដិវត្តន៍ ហើយត្រូវបានស្តារឡើងវិញដោយភាពអត់ធ្មត់បន្ទាប់ពីសង្គ្រាមជាច្រើនទសវត្សរ៍។ ផ្លូវដែកបានសម្របខ្លួនជាបន្តបន្ទាប់ទៅនឹងស្ថានភាពដែលផ្លាស់ប្តូររបស់ប្រទេស។ សព្វថ្ងៃ ផ្លូវដែករបស់កម្ពុជាបានតភ្ជាប់ភ្នំពេញទៅកាន់បណ្ដាខេត្តនានា សមុទ្រ និងព្រំដែនថៃជាថ្មីម្តងទៀត ដោយផ្តល់ឱ្យផ្លូវដែកកម្ពុជានូវអនាគតមួយ ព្រមជាមួយនឹងអតីតកាលរបស់ប្រទេស។
អំពីអ្នកនិពន្ធ
លោក Pascal Médeville គឺជាអ្នកសរសេរ និងអ្នកបោះពុម្ពផ្សាយឌីជីថលដែលរស់នៅក្នុងប្រទេសកម្ពុជា និងជាអ្នកនិពន្ធនៃ Wonders of Cambodia។ ស្នាដៃរបស់លោកផ្តោតលើប្រវត្តិសាស្ត្រ វប្បធម៌ ទីកន្លែង ប្រពៃណី និងជីវិតប្រចាំថ្ងៃរបស់កម្ពុជា ដោយផ្សារភ្ជាប់ការស្រាវជ្រាវជាមួយទម្រង់ដែលងាយអាន និងមានលក្ខណៈផ្ទាល់ខ្លួន។ សម្រាប់អត្ថបទដូចខាងលើនេះ លោកចាប់អារម្មណ៍ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ និងទំនាក់ទំនងប្រវត្តិសាស្ត្រដែលជួយពន្យល់ថា កម្ពុជាសម័យទំនើបបានកើតមានឡើងយ៉ាងដូចម្តេច។
បកប្រែដោយ៖ ចុង ស៊ីវភីង


















