ភ្ញៀវទេសចរដែលមកទស្សនារាជធានីភ្នំពេញ នឹងអាចស្វែងយល់ពីអតីតកាលដ៏យូរលង់របស់កម្ពុជាបានយ៉ាងងាយស្រួលជាងមុន តាមរយៈសៀវភៅណែនាំថ្មីមួយក្បាល ដែលជាលទ្ធផលនៃកិច្ចសហការរវាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា។ ការបោះពុម្ពផ្សាយនេះរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។

សៀវភៅ «យើងទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)» ត្រូវបានរចនាឡើងជាមគ្គុទ្ទេសក៍ប្រកបដោយភាពទាក់ទាញ និងងាយស្រួលយល់ ដោយប្រើប្រាស់អត្ថបទសង្ខេប និងរូបភាពបែបគំនូរ ដើម្បីរៀបរាប់ពីដំណើររឿងនៃប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជា ដែលមានអាយុកាលជាង ២០០០ ឆ្នាំ។ វាមិនមែនគ្រាន់តែជាសៀវភៅណែនាំសម្រាប់ទស្សនាក្នុងសារមន្ទីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍អប់រំដ៏មានតម្លៃ ដែលអាចជួយឱ្យអ្នកអានគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន យល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រដ៏ស្មុគស្មាញរបស់កម្ពុជា។
លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ បានថ្លែងថា៖ «ការផ្តល់លទ្ធភាពឱ្យសាធារណជនទទួលបានចំណេះដឹងផ្នែកប្រវត្តិសាស្ត្រសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា គឺជាបេសកកម្មដ៏សំខាន់របស់សារមន្ទីរ។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានរួមសហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា ក្នុងការបោះពុម្ពផ្សាយសៀវភៅនេះឡើង ដោយបានផ្តល់នូវភាពងាយស្រួលក្នុងការអាន និងយល់ពីខ្លឹមសារនៃពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ»។
អ្នកទស្សនាអាចរកទិញសៀវភៅ «យើងទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)» នៅហាងលក់វត្ថុអនុស្សាវរីយ៍នៃសារមន្ទីរ ស.ស.រ និងតាមរយៈគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ាដែលសៀវភៅនេះមានបីភាសាគឺ ខ្មែរ អង់គ្លេស និងបារាំង។ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ស្ថិតនៅក្នុងរាជធានីភ្នំពេញ គឺជាកន្លែងទាក់ទាញវប្បធម៌ដ៏សំខាន់មួយ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនារាប់ម៉ឺននាក់ ហើយថែមទាំងទទួលបានពានរង្វាន់ពី TripAdvisor Travelers’ Choice Award ទៀតផង។
ការបោះពុម្ពផ្សាយសៀវភៅនេះបង្ហាញពីការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការធ្វើឱ្យប្រវត្តិសាស្ត្រកម្ពុជាកាន់តែមានភាពរស់រវើក ហើយសៀវភៅថ្មីនេះ នឹងបន្ថែមជាឧបករណ៍សម្រាប់ទាំងអ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ដែលកំពុងស្វែងរកបទពិសោធន៍វប្បធម៌ពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។



















