សារមន្ទីរ ស.ស.រ ក្នុងទីក្រុងភ្នំពេញ គឺជាសារមន្ទីរដ៏មានភាពច្នៃប្រឌិតបំផុតមួយរបស់ប្រទេសកម្ពុជា ដែលរួមបញ្ចូលគ្នានូវប្រវត្តិសាស្ត្រពីរពាន់ឆ្នាំជាមួយនឹងបច្ចេកវិទ្យាអន្តរកម្ម និងការពិពណ៌នារឿងរ៉ាវប្រកបដោយការស្វែងយល់។ មានឈ្មោះជាផ្លូវការថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន សារមន្ទីរនេះបានកែប្រែនូវប្រធានបទដែលជាទូទៅត្រូវបានគេយល់ថាគួរឱ្យធុញ ពោលគឺរូបិយបណ្ណ និងគោលនយោបាយសេដ្ឋកិច្ច ឱ្យទៅជាដំណើររឿងដ៏រស់រវើក តាមរយៈការងើបឡើង ការដួលរលំ និងការចាប់កំណើតឡើងវិញនៃអាណាចក្រខ្មែរ និងរដ្ឋកម្ពុជាសម័យទំនើប។ សម្រាប់អ្នកទេសចរដែលចូលចិត្តវប្បធម៌ ការរចនា និងបរិបទ ជាជាងគ្រាន់តែទៅ «កន្លែងថតរូប» សារមន្ទីរ ស.ស.រ គឺជាចំណតឈប់សម្រាកដ៏ចាំបាច់មួយ។

ហេតុអ្វីសារមន្ទីរ ស.ស.រ មានសារៈសំខាន់
- សារមន្ទីរនេះរំឭកដល់ប្រវត្តិសាស្ត្រខ្មែរជិត ២០០០ ឆ្នាំ ចាប់តាំងពីបណ្តាញជំនួញជួញដូរកាលពីដើមសម័យនគរភ្នំ ឆ្លងកាត់សម័យអង្គរ ជំនាន់អាណាព្យាបាលបារាំង សម័យខ្មែរក្រហម រហូតមកដល់សព្វថ្ងៃនេះ ដោយប្រើប្រាស់រូបិយវត្ថុ ជាកញ្ចក់ឆ្លុះបញ្ចាំងអំពីនយោបាយ និងសង្គម។
- សារមន្ទីរនេះត្រូវបានបង្កើតឡើង និងផ្តល់ហិរញ្ញប្បទានដោយធនាគារជាតិនៃកម្ពុជា ដោយមានបេសកកម្មក្នុងការពង្រឹងនូវការយល់ដឹងជាសាធារណៈ អំពីរបៀបដែលការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច មានឥទ្ធិពលលើជីវិតរស់នៅប្រចាំថ្ងៃ។
រូបិយវត្ថុបានក្លាយជាឧបករណ៍ក្នុងការពិពណ៌នាសាច់រឿង៖ កាក់ ក្រដាសប្រាក់ និងប្រព័ន្ធដោះដូរ ត្រូវបានលើកយកមកបង្ហាញមិនមែនក្នុងរូបភាពជាវត្ថុតាំងបង្ហាញគួរឱ្យចាប់អារម្មណ៍នោះឡើយ ប៉ុន្តែដើរតួជាភស្តុតាងនៃការផ្លាស់ប្តូរអំណាច ផ្លូវពាណិជ្ជកម្ម និងមនោគមវិជ្ជា។ អ្នកទស្សនាអាចស្វែងយល់កាន់តែច្បាស់ អំពីមូលហេតុដែលអតីតកាលរបស់ប្រទេសកម្ពុជា នាសម័យកាលក្រោយៗនេះ រួមមាន សង្គ្រាមស៊ីវិល អតិផរណា ការកសាងប្រទេសឡើងវិញ នៅតែមានឥទ្ធិពលលើប្រទេសនេះនាពេលបច្ចុប្បន្ន។
ការរចនាអគារ និងការតាំងពិព័រណ៍
- ស.ស.រ មានទីតាំងនៅក្នុងអគាររចនាបថអាណាព្យាបាលបារាំង ដែលត្រូវបានជួសជុលឡើងវិញនៅក្នុងសង្កាត់ប្រវត្តិសាស្ត្រអាណានិគមក្បែរវត្តភ្នំ ដែលជាអតីតសណ្ឋាគាររ៉េស៊ីដង់របស់រាជការនៃសាលាក្រុង (ឆ្នាំ១៩០៨) និងក្រោយមកក្លាយជាសាលារាជធានីភ្នំពេញ។
- នៅខាងក្នុង ទិដ្ឋភាពដ៏ទំនើបជឿនលឿន ត្រូវបានរួមបញ្ចូលគ្នាជាមួយវត្ថុបុរាណដើម អេក្រង់ឌីជីថល ខ្សែភាពយន្ត ហ្គេមកម្សាន្ត និងពន្លឺស្របតាមបរិយាកាស ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការស្វែងយល់តាមល្បឿនរៀងៗខ្លួននៃអ្នកទស្សនា។
ការតាំងពិព័រណ៍អចិន្ត្រៃយ៍ត្រូវបានបែងចែកទៅជាម៉ូឌុលតាមប្រធានបទដែលនាំអ្នកឱ្យស្វែងយល់តាមលំដាប់លំដោយ៖ ពាណិជ្ជកម្មបុរាណ និងកាក់សម័យដើម ការដោះដូរ និងសេដ្ឋកិច្ចប្រាសាទសម័យអង្គរ កំណែទម្រង់សារពើពន្ធសម័យអាណានិគម ការលុបបំបាត់រូបិយវត្ថុក្នុងរបបខ្មែរក្រហម និងការបង្កើតឡើងវិញនូវរូបិយបណ្ណ និងធនាគារ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង ១៩៩០។ ស្លាកសញ្ញាច្បាស់លាស់ជាពីរភាសា មាតិកាវីដេអូដែលត្រូវបានផលិតយ៉ាងល្អ និងបទភ្លេងដែលត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ នឹងជួយសម្រាលអ្នកទស្សនាពីការទទួលយកព័ត៌មានលើសប្រមាណ ស្របពេលដែលឱ្យអ្នកទស្សនាអាចផ្តោតលើព័ត៌មានលម្អិត។
បទបង្ហាញនៃសារមន្ទីរ ស.ស.រ ជាមួយសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham)៖
https://www.youtube.com/watch?v=2QSuD9GQJQ4
បទពិសោធន៍អ្នកទស្សនា និងការណែនាំសំខាន់ៗ
- សូមរំពឹងថាចំណាយពេលប្រហែល ៩០ នាទី ទៅ ៣ ម៉ោង ប្រសិនបើអ្នកអានផ្ទាំងអក្សរ មើលវីដេអូ និងសាកល្បងម៉ូឌុលអន្តរកម្មផ្សេងៗ។
- ឧបករណ៍មគ្គុទ្ទេសក៍ណែនាំជាសំឡេងមានជម្រើសច្រើនភាសា ដោយគ្រាន់តែបង់ថ្លៃបន្ថែមបន្តិចបន្តួចប៉ុណ្ណោះ (ប្រហែល ៣ ដុល្លារ) ដែលអាចផ្តល់នូវការពន្យល់កាន់តែស៊ីជម្រៅ និងរឿងរ៉ាវនៅពីក្រោយវត្ថុសំខាន់ៗនានា។
ការតាំងពិព័រណ៍ត្រូវបានរៀបចំយ៉ាងល្អសម្រាប់លក្ខណៈក្រុមគ្រួសារ និងក្រុមសិស្សសាលា៖ មានហ្គេម សំណួរចម្លើយ និងអេក្រង់ឌីជីថលជាច្រើន បូករួមទាំង កន្លែងកម្សាន្តពិសេសសម្រាប់កុមារ និងយុវវ័យ ដែលធ្វើឱ្យប្រធានបទសេដ្ឋកិច្ចក្លាយទៅជាវិញ្ញាសាដ៏កម្សាន្ត។ ការថតរូបមិនត្រូវបានអនុញ្ញាតនៅខាងក្នុងបរិវេណវិចិត្រសាលនោះទេ។ គ្រឿងបរិក្ខារនៅក្នុងបរិវេណសារមន្ទីររួមមាន សួនតូចមួយ បណ្ណាល័យដែលអាចចូលបានដោយឥតគិតថ្លៃ និងហាងកាហ្វេមួយ។ នៅទីនោះក៏មានហាងលក់សៀវភៅនិងវត្ថុអនុស្សាវរីយ៍តូចមួយផងដែរ។
ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍មិនអចិន្ត្រៃយ៍
- ក្រៅពីការតាំងពិព័រណ៍អចិន្ត្រៃយ៍ សារមន្ទីរ ស.ស.រ តែងតែរៀបចំព្រឹត្តិការណ៍មិនអចិន្ត្រៃយ៍ ដែលពង្រីកការយកចិត្តទុកដាក់របស់សារមន្ទីរលើសពីសេដ្ឋកិច្ច ពោលគឺទៅដល់បេតិកភណ្ឌវប្បធម៌កាន់តែទូលំទូលាយ។
- ព្រឹត្តិការណ៍នាពេលថ្មីៗនេះរួមមាន ការតាំងពិព័រណ៍ «ការលេចត្រដែតឡើងវិញ» ដែលជាពិព័រណ៍ដ៏ធំមួយអំពីផ្ទាំងគំនូរដែលបានបាត់បង់ជាយូរមកហើយនៃវត្តព្រះកែវមរកតក្នុងទីក្រុងភ្នំពេញ ដោយរួមបញ្ចូលគ្នានូវហ្វីលកញ្ចក់រូបថត ការចាក់បញ្ចាំងរូបភាពឌីជីថល និងមាតិកាផ្តល់ចំណេះដឹងសម្រាប់ជាប្រយោជន៍ដល់សិស្សានុសិស្ស និងអ្នកសិក្សា ដោយការតាំងពិព័រណ៍នេះដំណើរការរហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦។

កិច្ចពិភាក្សា សន្និសិទ និងព្រឹត្តិការណ៍ពិសេសៗនានា បានផ្សារភ្ជាប់អតីតកាលរបស់កម្ពុជាទៅនឹងប្រធានបទនាពេលបច្ចុប្បន្ន ដូចជា បរិយាបន្នហិរញ្ញវត្ថុ ការទូទាត់តាមប្រព័ន្ធឌីជីថល និងពាណិជ្ជកម្មក្នុងតំបន់ជាដើម។ ទាំងនេះបានធ្វើឱ្យ ស.ស.រ ទទួលបានការចាប់អារម្មណ៍ជាពិសេសពីអ្នកស្រាវជ្រាវ អ្នកសារព័ត៌មាន និងអ្នកទេសចរដែលចាប់អារម្មណ៍លើគោលនយោបាយ ហើយចង់ស្វែងយល់ អំពីរបៀបដែលប្រវត្តិសាស្រ្តផ្តល់ជាចំណេះដឹងដល់កិច្ចពិភាក្សាអំពីការអភិវឌ្ឍនាពេលបច្ចុប្បន្ន។
សំបុត្រ ការចូលទស្សនា និងព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនង
- សំបុត្រចូលស្តង់ដាសម្រាប់ភ្ញៀវបរទេសមានតម្លៃ ២០ ០០០ រៀល (ប្រហែល ៥ ដុល្លារ)។ សម្រាប់ប្រជាពលរដ្ឋ សិស្ស និងកុមារកម្ពុជាតម្លៃទាបជាង។
- ទីតាំងសារមន្ទីរនៅខណ្ឌដូនពេញ ជិតវត្តភ្នំ និងការិយាល័យប្រៃសណីយ៍ចាស់ ដែលធ្វើឱ្យសារមន្ទីរនេះងាយស្រួលក្នុងការរួមបញ្ចូលគ្នាជាមួយនឹងដំណើរកម្សាន្តថ្មើរជើង គយគន់ទេសភាពតាមមាត់ទន្លេប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មអាណានិគម។
អាសយដ្ឋាន
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ)
អគារលេខ ១៩ ផ្លូវ ១០៦ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ១២២០២ ព្រះរាជាណាចក្រកម្ពុជា។
គេហទំព័រផ្លូវការ
https://sosoro.nbc.org.kh
ម៉ោងបើកដំណើរការ
• ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ៖ ម៉ោង ៩ ព្រឹក ដល់ ៦ ល្ងាច
• ថ្ងៃចន្ទ៖ បិទ
សូមណែនាំឱ្យពិនិត្យមើលលើគេហទំព័រ ឬបណ្តាញសង្គមរបស់សារមន្ទីរ មុនពេលអញ្ជើញមកទស្សនា ព្រោះម៉ោង ឬការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ អាចផ្លាស់ប្តូរដោយសារព្រឹត្តិការណ៍ពិសេសផ្សេងៗ ឬថ្ងៃឈប់សម្រាក។ សារមន្ទីរបិទដំណើរការ ក្នុងអំឡុងថ្ងៃឈប់សម្រាករបស់កម្ពុជា។

















