
ដោយ៖ គី សុខលីម – ថ្ងៃទី0៧ ខែធ្នូ ឆ្នាំ២០២៥
ភ្នំពេញ — ជាមួយនឹងការសរសេរក្នុងទម្រង់សង្ខេបខ្លីៗ ផ្តល់ចំណេះដឹង និងងាយស្រួលយល់ លោក Pascal Médeville លើកបង្ហាញនូវរឿងរ៉ាវរបស់ប្រទេសកម្ពុជាតាមរយៈទស្សនៈវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ ជាតិពន្ធុ សាសនាជាដើម។ លោក Médeville តែងពិនិត្យមើលយ៉ាងស៊ីជម្រៅទៅលើប្រធានបទនានា ដែលពីដំបូងគេអាចមើលទៅឃើញថាសាមញ្ញ។
ចាប់តាំងពីអាកាសធាតុទៅដល់ម្ហូបអាហារ ពីមនុស្សទៅដល់ការធ្វើដំណើរ វិធីសាស្រ្តបង្ហាញរបស់លោក Médeville អំពីប្រវត្តិសាស្ត្រ និងវប្បធម៌តែងបន្ថែមរសជាតិដល់រឿងរ៉ាវនានា។ លោកជាអ្នកបកប្រែអាជីពលើភាសាចិន អង់គ្លេស ខ្មែរ និងបារាំង តាំងពីឆ្នាំ១៩៨៩ ឥឡូវនេះគឺជានិពន្ធនាយកនៃ Wonders of Cambodia ដែលជាគេហទំព័រផ្តល់ចំណេះដឹងអនឡាញ ដែលលោកបានពន្យល់ណែនាំក្នុងបទសម្ភាសន៍មួយកាលពីថ្មីៗនេះ។
គី សុខលីម៖ មកទល់ពេលបច្ចុប្បន្ននេះ នៅកម្ពុជាមានស្ថាប័នផ្សព្វផ្សាយព័ត៌មានភាសាបរទេសជាច្រើន ជាភាសាអង់គ្លេស និងបារាំង។ ហេតុអ្វីបានជាអ្នកនៅតែប្រឡូកចូលក្នុងទីផ្សារនេះ?
Pascal Médeville៖ Wonders of Cambodia មិនត្រូវបានចាត់ទុកថា ជាស្ថាប័នព័ត៌មាននោះទេ ប៉ុន្តែគឺជាវេទិកាមួយដែលសរសេរអត្ថបទក្នុងទម្រង់វែង ដោយមានការស្រាវជ្រាវច្បាស់លាស់អំពីប្រវត្តិសាស្ត្រ វប្បធម៌ និងសង្គមសហសម័យរបស់កម្ពុជា។
ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយភាសាបរទេសភាគច្រើន ត្រូវផ្តល់អាទិភាពដល់ព័ត៌មានទាន់ហេតុការណ៍ និងអត្ថបទក្នុងទម្រង់ខ្លីៗ។ Wonders of Cambodia ត្រូវការពេលវេលាដើម្បីស្រាវជ្រាវលើប្រធានបទឱ្យស៊ីជម្រៅ ផ្អែកលើឯកសារស្រាវជ្រាវ និងបណ្ណសារ ហើយធ្វើឱ្យចំណេះដឹងនេះ អាចផ្សព្វផ្សាយទៅដល់អ្នកដែលមិនជំនាញលើប្រធានបទទាំងនោះ។
គោលបំណងគឺដើម្បីបំពេញបន្ថែមពីលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលមានស្រាប់ ដោយជួយផ្តល់នូវបរិបទ សាវតារ និងការបកស្រាយ ជាជាងដើរតាមវដ្តនៃសារព័ត៌មានប្រចាំថ្ងៃ។
គី សុខលីម៖ សម្រាប់អ្នក តើវិស័យសារព័ត៌មាននៅកម្ពុជាមិនទាន់គ្រប់គ្រាន់ទេឬ?
PM៖ ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាមានភាពចម្រុះ ប៉ុន្តែវានៅឆ្ងាយពីភាពគ្រប់គ្រាន់ បើយើងនិយាយអំពីធនធានចំណេះដឹងដែលស៊ីជម្រៅ មានច្រើនភាសាអំពីប្រទេសកម្ពុជា។
វានៅតែមានគម្លាតសម្រាប់វេទិកាដែលផ្តល់នូវការសិក្សាស្រាវជ្រាវដោយប្រុងប្រយ័ត្ន ទស្សនៈចម្រុះវប្បធម៌ និងខ្លឹមសារដែលមានច្រើនភាសា ជាពិសេសសម្រាប់អ្នកអានដែលត្រូវការស្វែងរកលើសពីចំណងជើង ឬអត្ថបទទេសចរណ៍ធម្មតាៗ។ មតិយោបល់ច្រើនចម្រុះគ្នាបែបនេះ នៅទីបំផុតផ្តល់អត្ថប្រយោជន៍ដល់ទាំងអ្នកអានកម្ពុជា និងអន្តរជាតិ។
គី សុខលីម៖ តើអ្នកផ្តល់ជូននូវមាតិកាប្រភេទណាដល់អ្នកអាន?
PM៖ Wonders of Cambodia ផ្តល់ជូននូវអត្ថបទទៅតាមប្រធានបទទាក់ទងនឹងប្រវត្តិសាស្រ្ត បុរាណវិទ្យា សិល្បៈ អក្សរសិល្ប៍ ភាសា ម្ហូបអាហារ ជីវិតប្រចាំថ្ងៃ និងអាជីវកម្ម ក៏ដូចជាបទយកការណ៍ «រូបភាពប្រចាំថ្ងៃ» និងខ្លឹមសារសង្ខេបជាប្រចាំនៃអត្ថបទចេញផ្សាយថ្មីៗដែលត្រូវបានជ្រើសរើស។
គោលបំណងគឺដើម្បីបង្ហាញនូវខ្លឹមសារដែលប្រាកដប្រជា និងឯកសារត្រឹមត្រូវ នៅក្នុងទម្រង់ច្បាស់លាស់ និងអាចអានបាន ដើម្បីឱ្យអ្នកអានអាចទទួលបានចំណេះដឹង ដែលជាទូទៅត្រូវបានរឹតត្បិតសម្រាប់តែក្នុងវិស័យអប់រំ។ តាមរយៈវិធីនេះ គេហទំព័រ Wonders of Cambodia មានគោលបំណងក្លាយខ្លួនជាប្រភពឯកសារយោង សម្រាប់អ្នកដែលចង់ស្វែងយល់អំពីប្រទេសកម្ពុជាឱ្យលើសពីផ្នត់គំនិតទូទៅ។
គី សុខលីម៖ តើអ្នកគិតថាមាតិការបស់អ្នកទាក់ទាញអ្នកអានទាំងក្នុងស្រុក និងអន្តរជាតិឬទេ? តើអ្នកផ្តោតលើអ្នកអានក្រុមមួយណាជាង?
PM ៖ អត្ថបទទាំងនេះត្រូវបានសរសេរឡើងដើម្បីផ្សព្វផ្សាយទៅកាន់អ្នកអានទាំងខ្មែរ និងអន្តរជាតិ ប៉ុន្តែមានតម្លៃបន្ថែមខុសៗគ្នាសម្រាប់ក្រុមនីមួយៗ។
អ្នកអានខ្មែរអាចស្វែងយល់ពីរបៀបដែលអ្នកស្រាវជ្រាវបរទេសមើលមកកាន់កម្ពុជា និងប្រើប្រាស់នូវឯកសារស្រាវជ្រាវរបស់ជនបរទេស ខណៈពេលដែលអ្នកអានអន្តរជាតិអាចស្វែងរកព័ត៌មានដែលមានរចនាសម្ព័ន្ធ ជាក់ស្តែង និងពាក់ព័ន្ធនឹងវប្បធម៌ អំពីប្រវត្តិសាស្រ្ត សង្គម ជីវិតប្រចាំថ្ងៃរបស់ប្រទេសកម្ពុជា និងឱកាសសម្រាប់ការងារ ឬការវិនិយោគជាដើម។
នៅក្នុងការអនុវត្តជាក់ស្តែង គេហទំព័រនេះយកចិត្តទុកដាក់ជាពិសេសចំពោះទស្សនិកជនអន្តរជាតិ ស្របពេលដែល នៅតែផ្តោតចំណាប់អារម្មណ៍ចំពោះអ្នកអានកម្ពុជា ជាពិសេសតាមរយៈផ្នែកពហុភាសា។
គី សុខលីម៖ តើអ្នកមានទីផ្សារគោលដៅដែរឬទេ?
PM ៖ ទីផ្សារគោលដៅរបស់យើងគឺអ្នកអានដែលចង់បានព័ត៌មានគួរឱ្យទុកចិត្ត និងច្បាស់លាស់អំពីប្រទេសកម្ពុជា ដែលលើសពីអត្ថបទផ្សព្វផ្សាយទេសចរណ៍ និងការពិពណ៌នាបែបមនោសញ្ចេតនា។
ស្ថិតិនៃការទស្សនាបានបង្ហាញឱ្យឃើញពីអ្នកអានអន្តរជាតិដែលមកពីបណ្តាប្រទេសមួយចំនួន ដែលនាំឱ្យយើងវិវឌ្ឍទៅរកមាតិកាជាភាសាបារាំង ខ្មែរ និងចិន ដោយមានបំណងបន្ថែមភាសាផ្សេងទៀតដូចជា វៀតណាម និងជប៉ុន នាពេលខាងមុខផងដែរ។
ការផ្តោតលើការស្រាវជ្រាវពហុភាសានេះគឺជាតម្លៃនៃអត្តសញ្ញាណរបស់ Wonders of Cambodia។
គី សុខលីម៖ តើអ្នកគិតថា អ្នកអាចប្រកួតប្រជែងជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងទៀតជាភាសាបរទេសដែរឬទេ?
PM ៖ Wonders of Cambodia មិនចាត់ទុកខ្លួនឯងជាដៃគូប្រកួតប្រជែងជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាភាសាបរទេសផ្សេងទៀតនោះទេ ប៉ុន្តែគឺជាធនធានសម្រាប់បំពេញបន្ថែម។
គេហទំព័រនេះជួនកាលលើកឡើង ឬយោងពីគេហទំព័រផ្សេងទៀត ហើយលើកទឹកចិត្តអ្នកអានឱ្យស្វែងយល់ពីប្រភពផ្សេងទៀតឱ្យបានច្រើន ដើម្បីឱ្យពួកគេអាចទទួលបានទាំងព័ត៌មានប្រចាំថ្ងៃ និងសាវតារដែលស៊ីជម្រៅដែល Wonders of Cambodia ផ្តោតសំខាន់។
វិធីសាស្រ្តជាប្រព័ន្ធបែបនេះគឺសមស្របទៅនឹងគោលដៅវប្បធម៌ និងអប់រំរបស់គម្រោងយើង ជាជាងគំនិតប្រកួតប្រជែងសុទ្ធសាធ។
គី សុខលីម៖ តើអ្វីជាក្តីសង្ឃឹម និងក្តីស្រមៃរបស់អ្នកសម្រាប់ Wonders of Cambodia?
PM៖ មហិច្ឆតារបស់យើងគឺចង់ឱ្យ Wonders of Cambodia ត្រូវបានទទួលស្គាល់ថាជាច្រកទ្វារដ៏រឹងមាំ និងគួរឱ្យទុកចិត្ត ឆ្ពោះទៅកាន់ការពិតអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងសង្គមរបស់ប្រទេសកម្ពុជាសម្រាប់អ្នកអានជុំវិញពិភពលោក។
គម្រោងនេះក៏សង្ឃឹមថានឹងបំផុសនូវការសន្ទនារវាងអ្នកអានកម្ពុជា និងបរទេស ដោយបង្ហាញអ្នកអានកម្ពុជាថា ទស្សនៈអន្តរជាតិចំពោះប្រទេសរបស់ពួកគេមានភាពចម្រុះ និងមិនមែនសុទ្ធតែអវិជ្ជមានទាំងអស់នោះទេ ហើយផ្តល់ដល់អ្នកអានបរទេស នូវឧបករណ៍ដើម្បីស្វែងយល់ពីប្រទេសកម្ពុជាដោយការយោគយល់ និងភាពត្រឹមត្រូវជាងមុន។
ប្រភព៖ Cambodianess

















