នៅចំកណ្តាលនៃព្រៃព្រឹក្សាដ៏ខៀវស្រងាត់ក្នុងខេត្តព្រះវិហារ ប្រាសាទចតុមុខ លេចវត្តមានជាទីសក្ការបូជាដ៏ស្ងប់ស្ងាត់មួយនៅក្នុងបរិវេណក្រុមប្រាសាទព្រះខ័នកំពង់ស្វាយដ៏ធំល្វឹងល្វើយ ពោលគឺស្ថិតនៅចម្ងាយប្រមាណ ១០៥ គីឡូម៉ែត្រ ក្នុងទិសឦសាននៃបណ្តុំប្រាសាទបុរាណនានាក្នុងបរិវេណអង្គរ។ រូបបដិមាព្រះពុទ្ធបួនអង្គដែលឈរទល់ខ្នងគ្នា បង្វែរព្រះនេត្រដ៏ស្ងប់ស្ងាត់ទៅកាន់ទិសទាំងបួន មានទីតាំងនៅទិសខាងលិចនៃបារាយណ៍ដ៏ធំមួយ ជាកន្លែងដែលព្រៃព្រឹក្សាគ្របដណ្តប់ប្រាង្គប្រាសាទថ្មភក់បុរាណយ៉ាងស្ងៀមស្ងាត់។ ប្រាសាទចតុមុខត្រូវបានកសាងឡើងនៅក្នុងយុគមាសនៃអាណាចក្រខ្មែរក្រោមរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧ ទីសក្ការបូជានេះឧទ្ទិសដល់ព្រះពុទ្ធសាសនាលទ្ធិមហាយាន តាមរយៈរចនាបថយ៉ាងសាមញ្ញល្អឯក។

ស្លាកស្នាមនៃការគោរពបូជានៃអាណាចក្រខ្មែរ
ប្រាសាទព្រះខ័នកំពង់ស្វាយត្រូវបានចាប់ផ្តើមកសាងឡើងនៅសតវត្សទី១១ និងពង្រីកវិសាលភាពនៅក្រោមការខ្នះខ្នែងរបស់ ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ បន្ទាប់ពីទទួលបានជ័យជម្នះលើការឈ្លានពានរបស់ទ័ពចម្ប៉ា។ ព្រះពុទ្ធរូបបួនអង្គឈរទល់ខ្នងគ្នានៃប្រាសាទចតុមុខ រំលេចបង្ហាញនូវការឃ្លាំមើលថែរក្សាយ៉ាងប្រុងប្រយ័ត្នក្នុងទិសទាំងបួន ស្រដៀងគ្នាទៅនឹងព្រះពោធិសត្វនៅប្រាសាទបាយ័ន និងប្រាសាទព្រះខ័នក្នុងខេត្តសៀមរាបដែរ។ ប្រាសាទដែលត្រូវបានបោះបង់ចោលនៅសតវត្សទី១៤ នៅពេលដែលចក្រភពខ្មែរធ្លាក់ចុះនេះ ស្ថិតនៅជិតតំបន់រ៉ែដែកនៃភ្នំដែក ជាកន្លែងដែលជំនឿការគោរពបូជាដើរទន្ទឹមគ្នានឹងសិប្បកម្មស្លដែកលោហៈក្នុងសតវត្សទី១៣។ បញ្ជីត្រៀមរបស់អង្គការយូណេស្កូក៏បានទទួលស្គាល់អំពីគុណតម្លៃបេតិកភណ្ឌដ៏ថ្លៃថ្លានៃប្រាសាទដ៏ពិសិដ្ឋនេះផងដែរ។
នៅក្នុងឆ្នាំ២០១៨ ទីសក្ការបូជាមួយនេះបានទទួលការស្តារឡើងវិញយ៉ាងយកចិត្តទុកដាក់ ក្រោមការជំរុញរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ដោយផ្តល់ដង្ហើមជីវិតថ្មីដល់ប្រាង្គប្រាសាទដ៏ចំណាស់នេះ ស្របពេលដែលលើកតម្កើងនូវបេតិកភណ្ឌជាតិ។ កិច្ចខិតខំប្រឹងប្រែងនេះបានធ្វើឱ្យព្រះពុទ្ធបដិមា និងជើងទម្រមានលំនឹងឈររឹងមាំឡើងវិញ ការពារតួប្រាសាទពីការលុកលុយទន្ទ្រាននៃព្រៃព្រឹក្សា និងរក្សាបាននូវកេរដំណែលនៃប្រាង្គសិលា បន្តដល់មនុស្សជំនាន់ក្រោយ។

ទោះពុំត្រូវបានរចនាលម្អដោយក្បូរក្បាច់រូបនាគ ផ្លូវដើរ ឬជញ្ជាំង ដែលជារចនាបថពេញនិយមក្នុងសំណង់ប្រាសាទបុរាណនានា ក៏ភាពស្រគត់ស្រគំនៃប្រាសាទចតុមុខដែលខុសដាច់ស្រឡះពីភាពរុងរឿងសម្បូរបែបរបស់អង្គរ បានធ្វើឱ្យប្រាសាទនេះពិតជាសាកសមជាឆ្មាំចាំការពារព្រំដែនសីមា។
សំឡេងបន្ទរនៃភាពស្ងប់ស្ងាត់ក្នុងប្រាង្គប្រាសាទថ្មភក់
នៅចំតួកណ្តាលនៃប្រាសាទ ព្រះពុទ្ធរូបបួនអង្គឈរទល់ខ្នងគ្នាយ៉ាងត្រសង សម្លឹងទៅទិសខាងជើងយ៉ាងម៉ឺងម៉ាត់ បែរភាពស្ងប់ស្ងាត់ទៅទិសខាងត្បូង ព្រះភក្ត្រទៅទិសខាងកើតសំដៅដល់ព្រឹកព្រលឹមថ្ងៃរះថ្មី និងទៅខាងលិចសម្គាល់សាយណ្ហកាល ឈរនៅលើជើងទម្រដែលលម្អដោយផ្កាភ្ញីតាមរចនាបថនៃប្រាសាទបាយ័ន។
កេរដំណែលព្រះពុទ្ធសាសនា
ព្រះពុទ្ធរូបបែរភក្ត្រទៅទិសទាំងបួននៃប្រាសាទចតុមុខ តំណាងឱ្យការការពារនូវលទ្ធិជំនឿ ដែលជះពន្លឺដល់ឫទ្ធិតេជះដ៏ក្លៀវក្លារបស់ព្រះបាទជ័យវរ្ម័នទី៧។ ភស្តុតាងនៃការគោរពប្រណិប័តនៅតែបន្តបង្ហាញតាមរយៈការសែនព្រេន និងការសូត្រធម៌នាពេលរាត្រី ឧទ្ទិសដល់ព្រះមហាក្សត្រជំនាន់មុន។ គម្រោងអេកូទេសចរណ៍នានា ផ្សារភ្ជាប់ប្រជាពលរដ្ឋក្នុងតំបន់ ខណៈអាជ្ញាធរជាតិអប្សរាផ្សះផ្សាស្លាកស្នាមនៃជម្លោះដែលហែកហួរប្រាង្គសិលាបុរាណនេះអស់រយៈកាលជាច្រើនឆ្នាំ។
បទពិសោធន៍នៃអ្នកដំណើរ
ធ្វើដំណើរពីព្រឹកព្រលឹមចេញពីអង្គរ ពោលគឺចំណាយពេល ៥ ទៅ ៦ ម៉ោង លើចម្ងាយផ្លូវ ១០៥ គីឡូម៉ែត្រ។ សូមយកមកជាមួយនូវទឹកទុកពិសា ពាក់ស្បែកជើងងាយស្រួលដើរលើផ្លូវដីភក់ និងកុំភ្លេចថ្នាំការពារសត្វល្អិតជាខែលការពារខ្លួន។ សូមរក្សាភាពស្ងៀមស្ងាត់ កុំប្រើប្រាស់ដ្រូន រំខានដល់ទីសក្ការៈដ៏ស្ងប់ស្ងាត់នេះ។ កុំទុកចិត្ត Google Maps៖ អ្នកនឹងមិនអាចទៅដល់ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយបានទេ ប្រសិនបើអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ៦A ពោលគឺអ្នកនឹងធ្វើដំណើរដល់ផ្លូវទាល់! សូមធ្វើដំណើរតាមផ្លូវជាតិលេខ ៦២ ជំនួសវិញ។
នៅក្នុងក្រសែព្រះនេត្រទាំងបួនគូនៃប្រាសាទចតុមុខ ដួងព្រលឹងនៃអាណាចក្រខ្មែរនៅតែបន្សល់ដាន។ សូមមកផ្សងព្រេង ហើយទទួលយកបទពិសោធន៍ទៅក្នុងទីជ្រៅដ៏ស្ងប់ស្ងាត់នៃប្រាសាទមួយនេះ។

















