សន្ធិសញ្ញាបារាំង-សៀម ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ នៅទីក្រុងបាងកក តំណាងឱ្យការបោះជំហានដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងអាណានិគមបារាំង និងព្រះរាជាណាចក្រសៀម ឬប្រទេសថៃបច្ចុប្បន្ន។ កិច្ចព្រមព្រៀងការទូតនេះ បញ្ចប់ជម្លោះដណ្តើមទឹកដីជាច្រើនទសវត្សរ៍នៅប្រទេសកម្ពុជា និងឡាវ ដែលជាតំបន់ពីរដ៏សំខាន់ សម្រាប់មហិច្ឆតាអាណានិគមបារាំងនៅអាស៊ីអាគ្នេយ៍។ តាមសន្ធិសញ្ញានេះ បារាំងប្រគល់ខេត្តដានសៃ និងត្រាត ទៅឱ្យបាងកកវិញ ចំណែកសៀមប្រគល់ទឹកដី បាត់ដំបង សៀមរាប និងសិរីសោភ័ណ ដែលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម ទៅឱ្យសហព័ន្ធឥណ្ឌូចិនរបស់បារាំង។

លើសពីការកំណត់ព្រំដែនឡើងវិញ សន្ធិសញ្ញាឆ្នាំ១៩០៧ តំណាងឱ្យតុល្យភាពភូមិសាស្ត្រនយោបាយរវាងមហាអំណាចអាណានិគមអឺរ៉ុប និងប្រទេសក្នុងអាស៊ីតែមួយគត់ដែលបានគេចផុតពីការដាក់អាណានិគម។ វាក៏ជាសក្ខីកម្មចំពោះជំនាញការទូតរបស់មហាក្សត្រសៀម ពាក់ព័ន្ធនឹងការរក្សាឯករាជ្យភាពរបស់ប្រទេសជាតិ ក្នុងពេលចរចាជាមួយមហាអំណាចចក្រពត្តិ។ ឥទ្ធិពលរបស់សន្ធិសញ្ញានេះនៅតែមានមកដល់ពេលបច្ចុប្បន្ន ជាពិសេសនៅក្នុងការកំណត់រចនាសម្ព័ន្ធព្រំដែនរវាងកម្ពុជា និងថៃ។
នេះគឺជាអត្ថបទដើមនៃសន្ធិសញ្ញានេះ៖
សន្ធិសញ្ញា
ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងព្រះមហាក្សត្រសៀម បន្ទាប់ពីប្រតិបត្តិការកំណត់ព្រំដែនដែលបានធ្វើឡើងស្របតាមការអនុវត្តនៃអនុសញ្ញាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ក្នុងគោលបំណងទីមួយគឺធានាការដោះស្រាយបញ្ចប់នូវបញ្ហាទាំងអស់ដែលទាក់ទងនឹងព្រំដែនរួមនៃឥណ្ឌូចិន និងសៀម តាមរយៈប្រព័ន្ធទំនាក់ទំនងគ្នាទៅវិញទៅមក និងសមហេតុផលនៃការផ្លាស់ប្តូរទឹកដីរវាងប្រទេសទាំងពីរ និងគោលបំណងទីពីរគឺដើម្បីសម្របសម្រួលទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការណែនាំជាជំហានៗនូវប្រព័ន្ធយុត្តាធិការរួម និងការពង្រឹងនូវសិទ្ធិរបស់ជនជាតិបារាំងដែលរស់នៅក្នុងប្រទេសសៀម។
បានសម្រេចចិត្តព្រមព្រៀងលើសន្ធិសញ្ញាថ្មី ហើយដើម្បីសម្រេចបាននូវការព្រមព្រៀងនេះ ពួកគេបានចាត់តាំងភាគីពេញសមត្ថភាព រួមមានដូចជា៖
ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងចាត់តាំង លោក Victor-Emile-Marie-Joseph Collin de Plancy បេសកជនវិសាមញ្ញ និងជារដ្ឋមន្ត្រីពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំប្រទេសសៀម មន្រ្តីកងពលកិត្តិយស និងអប់រំសាធារណៈ។
ព្រះមហាក្សត្រសៀមត្រាស់បង្គាប់ ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិន្ទថនក្រមព្រះយា ទេវវង្សវរោបការ(Devawongse Varoprakar) សេនាបតីកងពលកិត្តិយស ។ល។ និងជារដ្ឋមន្ត្រីក្រសួងការបរទេសសៀម។
ដែលត្រូវបានមើលឃើញថាមានគុណសម្បត្តិត្រឹមត្រូវ និងសមស្រប បានអនុវត្តអំណាចពេញលេញរបស់ពួកគេ និងបានយល់ព្រមលើបទប្បញ្ញត្តិដូចខាងក្រោម៖
ប្រការ ១. រដ្ឋាភិបាលសៀមប្រគល់ទៅឱ្យប្រទេសបារាំងនូវទឹកដី បាត់ដំបង សៀមរាប និងសិរីសោភ័ណ ដែលមានខ្សែព្រំដែនកំណត់ឡើងដោយអនុប្រការ ១ នៃពិធីសារកំណត់ព្រំដែន ដូចដែលមានភ្ជាប់មកជាមួយនេះ។
ប្រការ ២. រដ្ឋាភិបាលបារាំងប្រគល់ឱ្យសៀមនូវទឹកដី ដានសៃ និងត្រាត ដែលមានព្រំដែនកំណត់ដោយអនុប្រការ ១ និង ២ នៃពិធីសារកំណត់ព្រំដែននេះ ព្រមជាមួយនឹងកោះទាំងឡាយផង ដែលស្ថិតនៅភាគខាងត្បូងនៃជ្រោយឡឹមលីង ចុះទៅកោះគុត។
ប្រការ ៣. ការប្រគល់ទឹកដីទៅវិញទៅមកនេះ នឹងត្រូវធ្វើឡើងដោយប្រទេសទាំងពីរក្នុងរយៈពេល ២០ថ្ងៃ ក្រោយកាលបរិច្ឆេទ នៃការប្តូរសច្ចាប័នលើសន្ធិសញ្ញានេះ។
ប្រការ ៤. គណៈកម្មាការចម្រុះមួយ ដែលមានសមាសភាពនាយទាហាន និងមន្ត្រីបារាំង ជាមួយនាយទាហាន និងមន្ត្រីសៀម នឹងត្រូវបានបង្កើតឡើងដោយប្រទេសទាំងពីរក្នុងរយៈពេល ៤ខែ បន្ទាប់ពីមានសច្ចាប័នលើសន្ធិសញ្ញានេះ ហើយត្រូវទទួលបន្ទុកកំណត់ខ្សែព្រំដែនថ្មី។ គណៈកម្មាការចម្រុះនឹងចាប់ផ្តើមការងាររបស់ខ្លួននៅពេលដែលអាកាសធាតុអំណោយផល ហើយត្រូវអនុវត្តដោយអនុលោមតាមពិធីសារកំណត់ព្រំដែន ដែលបានភ្ជាប់មកជាមួយសន្ធិសញ្ញានេះ។
ប្រការ ៥. បន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញានេះ តាមការអនុវត្តប្រការ ៩ នៃអនុសញ្ញាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ជនជាតិអាស៊ីទាំងអស់ដែលជាពលរដ្ឋ ឬស្ថិតក្រោមអាណាព្យាបាលរបស់បារាំង ហើយបានចុះឈ្មោះនៅស្ថានកុងស៊ុលបារាំងប្រចាំប្រទេសសៀម នឹងត្រូវស្ថិតនៅក្រោមច្បាប់នៃតុលាការទូទៅរបស់ប្រទេសសៀម។
យុត្តាធិការនៃតុលាការអន្តរជាតិសៀម ដែលបង្កើតឡើងស្របតាមប្រការ ១២ នៃអនុសញ្ញាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ក្រោមលក្ខខណ្ឌដែលមានចែងក្នុងពិធីសារយុត្តាធិការដែលភ្ជាប់មកជាមួយ ត្រូវបានពង្រីកទូទាំងព្រះរាជាណាចក្រសៀម ទៅកាន់ជនជាតិអាស៊ីជាពលរដ្ឋ ឬស្ថិតក្រោមអាណាព្យាបាលរបស់បារាំង ដែលយោងតាមប្រការ ១០ និង ១១ នៃអនុសញ្ញាខាងលើ ហើយបច្ចុប្បន្នកំពុងចុះឈ្មោះនៅស្ថានកុងស៊ុលបារាំងប្រចាំប្រទេសសៀម។
ប្រព័ន្ធនេះត្រូវបញ្ឈប់ ហើយយុត្តាធិការរបស់តុលាការអន្តរជាតិត្រូវផ្ទេរទៅតុលាការទូទៅរបស់សៀម បន្ទាប់ពីការប្រកាសឱ្យប្រើប្រាស់ និងអនុវត្តនូវក្រមរបស់សៀម (ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងពាណិជ្ជកម្ម ក្រមនីតិវិធី ច្បាប់ស្តីពីអង្គការតុលាការ)។
ប្រការ ៦. ជនជាតិអាស៊ីជាពលរដ្ឋ ឬស្ថិតក្រោមអាណាព្យាបាលរបស់បារាំង នៅទូទាំងព្រះរាជាណាចក្រសៀម ត្រូវទទួលបានសិទ្ធិ និងសេរីភាពដូចទៅនឹងសិទ្ធិរបស់ពលរដ្ឋជនជាតិសៀម ជាពិសេសសិទ្ធិលើទ្រព្យសម្បត្តិ ការរស់នៅ និងការបម្លាស់ទីដោយសេរី។
ពួកគេនឹងត្រូវបង់ពន្ធ និងវិភាគទាន ជាធម្មតា។
ពួកគេនឹងត្រូវបានលើកលែងពីការបម្រើយោធា ហើយមិនត្រូវទទួលបន្ទុកចំពោះតម្រូវការ និងពន្ធពិសេសផ្សេងៗឡើយ។
ប្រការ ៧. បទប្បញ្ញត្តិនៃសន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុសញ្ញាកន្លងមក រវាងបារាំង និងសៀម ដែលមិនត្រូវបានកែប្រែដោយសន្ធិសញ្ញាបច្ចុប្បន្ននេះ នៅតែជាធរមាន និងមានប្រសិទ្ធភាពពេញលេញ។
ប្រការ ៨. ក្នុងករណីមានការលំបាកក្នុងការបកស្រាយសន្ធិសញ្ញានេះ ដែលបានបង្កើតឡើងជាភាសាបារាំង និងសៀម អត្ថបទជាភាសាបារាំងតែមួយគត់ ត្រូវបានទុកជាអាទិភាព។
ប្រការ ៩. សន្ធិសញ្ញាបច្ចុប្បន្ននេះនឹងត្រូវធ្វើសច្ចាប័នក្នុងរយៈពេល ៤ខែ ចាប់ពីថ្ងៃចុះហត្ថលេខាលើសន្ធិសញ្ញា ឬក៏មុនកាលបរិច្ឆេទនេះ ប្រសិនបើអាចធ្វើបាន។
ជាសក្ខីភាព ភាគីពេញសមត្ថភាពនៃប្រទេសទាំងពីរ បានចុះហត្ថលេខា និងបោះត្រាលើសន្ធិសញ្ញាបច្ចុប្បន្ននេះ។
ធ្វើនៅទីក្រុងបាងកក ជា ២ច្បាប់ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧។
ចុះហត្ថលេខា៖ V. COLLIN DE PLANCY
ទេវវង្សវរោបការ (DEVAWONGSE VAROPRAKAR)

















